បន្ទាប់​ពី​ការ​បាញ់​ប្រហារលោក​ត្រាំ សន្យានឹ​ងចាត់​វិធានការ​ដោះ​ស្រាយ​ជាបន្ទាន់

លោក​ប្រធានាធិបតី​ដូណាល់ត្រាំសន្យា​នឹង​ដោះស្រាយ​ឲ្យ​ បាន​ឆាប់​រហ័សថ្កោលទោស​ពួក​ប្រកាន់​ពូជសាសន៍​ស្បែកស​ ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ពិនិត្យ​ឆែកឆេរ​ប្រវត្តិរូប​យ៉ាង​ខ្លាំង ​ចំពោះ​ការ​ទិញ​កាំភ្លើង។ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​លោក​ប្រធានាធិបតី​ត្រាំ ​មិន​បាន​គាំទ្រ​ច្បាប់​ត្រួតត្រា​អាវុធ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រកាំចិត្ត​ដល់​ពួក​អ្នកគាំទ្រ​ ដែល​ចង់​ឲ្យ​មាន​ច្បាប់​នោះ។ លោក​ប្រធានាធិបតី​ ក៏​មិន​បាន​ឆ្លើយតប​ទៅ​នឹង​ពួក​អ្នក​រិះគន់​ដែល​និយាយ​ថា វោហាសាស្ត្រ​ប្រឆាំង​ជន​អន្តោ​ប្រវេសន៍​ដ៏​ក្តៅគគុក​របស់​លោក បាន​ធ្វើ​ឲ្យ​មាន​បរិយាកាស​អាប់​អួរ​នេះ។ប្រធានាធិបតី​ត្រាំ ​បាន​ធ្វើ​សុន្ទរកថា​នៅ​ឯ​សេតវិមាន​កាល​ពី​ថ្ងៃ​ចន្ទ ​បន្ទាប់​ពី​ការ​បាញ់​ប្រហារ​២​នៅ​ក្នុង​រយៈ​ពេល​១៣ម៉ោង​ពី​គ្នា​មួយ​នៅ​ក្នុង​ទីក្រុង El Paso ​នៃ​រដ្ឋ​តិចសាស ​និង​មួយ​ទៀត​នៅ​ទីក្រុង Dayton រដ្ឋ​អូហៃយ៉ូ ​ដែល​ក្នុង​នោះ​ខ្មាន់​កាំភ្លើង បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏៣១នាក់​ហើយ​និង​ធ្វើ​ឲ្យ​រាប់​សិប​នាក់​ទៀត​រងរបួស។លោក​ប្រធានា​ធិបតី​ត្រាំ បាន​និយាយថា​ «ក្នុង​សំឡេង​តែ​មួយ ​ប្រទេស​របស់​យើង​ត្រូវ​តែ​ថ្កោលទោស​ការ​ប្រកាន់​ពូជសាសន៍ មនុស្ស​ដែល​ចាត់​ទុក​ខ្លួន​គ្រាន់​បើ​ជាង​គេនិងពួក​ស្បែក​សជាតិ​និយម»។នៅ​ក្នុង​សុន្ទរកថា​របស់​លោក​កាល​ពីព្រឹកថ្ងៃ​ចន្ទ ​ប្រធានាធិបតី​ត្រាំ ​ក៏​បាន​ផ្តោត​លើជំងឺ​សសៃប្រសាទ ​អំពើ​ហិង្សា​ក្នុង​បណ្តាញ​ព័ត៌មាន និង​ក្នុង​វីដេអូ​ហ្គេម។​ លោក​ក៏បាន​ព្រមាន​ពីភាព​គ្រោះ​ថ្នាក់​នៃ​ប្រព័ន្ធ អ៊ីនធឺណិត និង​បណ្តាញ​ព័ត៌មាន​សង្គម​ទៀតផង៕